កម្ពុជា និងរបបខ្មែរក្រហម


ខ្មែរក្រហមគឺជាពាក្យសាមញ្ញមួយដែលត្រូវបាន គេប្រើប្រាស់សំដៅលើបក្សកុម្មុយនីស្តកម្ពុជា។ ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០មកប្រទេស កម្ពុជាបានឆ្លងកាត់សម័យកាលអស្ថិរភាព និង ជម្លោះបន្ទាប់ពីសង្គ្រាមរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក។ បន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ ១៩៧០ ដែល ធ្វើឡើងដោយកងកម្លាំងរបស់ លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិកទល់នឹង អតីតប្រមុខរាជរដ្ឋាភិបាល គឺអតីត ព្រះមហា ក្សត្រព្រះបាទ នរោត្តមសីហនុ មកសង្គ្រាម ស៊ីវិលបានកើតឡើងរវាងកងកម្លាំងរបស់ លន់ នល់ និងកងកម្លាំងដែលគាំទ្រអតីតព្រះមហា ក្សត្រព្រះបាទ នរោត្តមសីហនុដែល រួមមាន ខ្មែរក្រហម។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់កាប់ទីក្រុងភ្នំពេញ ដោយ ប្រកាសថាសង្គ្រាមស៊ីវិល បានបញ្ចប់ និងបាន ដាក់ឈ្មោះប្រទេសកម្ពុជាថា កម្ពុជាប្រជាធិប តេយ្យ។ ប្រជាជនបានប្រមូលផ្តុំគ្នា តាមផ្លូវថ្នល់ អបអរសាទរនិងស្វាគមន៍ក្រុមទាហានខ្មែរ ក្រហម។ទោះបីជាយ៉ាងណាក៏ដោយស្ថានភាព បានប្រែក្លាយភ្លាមៗទៅជាហិង្សា នៅពេលដែលអ្នករស់នៅទីក្រុងភ្នំពេញ ត្រូវបានបង្ខំឲ្យចាកចេញទាំងហ្វូងៗ ពីទីក្រុងទៅកាន់ជនបទ ។

ប៉ុលពត”បងធំទីមួយ”របស់ខ្មែរក្រហមដែលបានព្យាយាមកសាងសង្គមកសិកម្មគ្មានវណ្ណៈដោយផ្អែកលើមនោគមវិជ្ជាកុម្មុយនីស្ត គាត់បានប្រកាសថាកម្ពុជាប្រជាធិបតេយ្យនឹងចាប់ផ្តើមជាថ្មីនៅឆ្នាំសូន្យ។ រដ្ឋាភិបាលមួយត្រូវបានគ្រប់គ្រងនៅថ្នាក់មជ្ឈឹមដោយក្រុមបក្ខជនជិតស្និទ្ធនឹងគ្នារដ្ឋាភិបាលនេះមានអំណាចធ្វើសេចក្តីសម្រេចទាំងអស់។គ្រប់ស្ថាប័នទាំងអស់ដែលរួមមានស្ថាប័នហិរញ្ញវត្ថុអប់រំនិងសាសនាព្រមទាំងគ្រួសារត្រូវបានលុបបំបាត់ចោល ហើយកម្មសិទ្ធិឯកជនជីវភាពការរស់នៅឯករាជ្យនិងទំនាក់ទំនងផ្លូវភេទមិនត្រូវបានអនុញ្ញាតគឺត្រូវបានចាត់ទុកជាការខុសច្បាប់។ ប្រជាជនត្រូវបានបង្ខំឲ្យធ្វើការងារកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រគោលដៅរបស់ ខ្មែរក្រហម។ ក្នុងរបបនេះមានកង្វះខាតនិងការដកហូតដូចជាកង្វះខាតម្ហូបអាហារនិងសម្ភារៈចាំបាច់ជាមូលដ្ឋានការដកហូតសិទ្ធិសេរីភាព សូម្បីតែសិទ្ធិមនុស្សជាមូលដ្ឋានក៏ត្រូវបានដកហូតដែរការសម្រាកមិនគ្រប់គ្រាន់និងមិនទទួលបានការព្យាបាលជំងឺ ព្រមទាំងការដកហូតនូវទំនាក់ទំនងជាមួយក្រុមគ្រួសារ និងទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ។

ចាប់តាំងពីការមកដល់របស់ខ្មែរក្រហមក្នុងទីក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហមនេះ អ្នកដែលត្រូវបាន រកឃើញថា ជាអ្នកមានទ្រព្យសម្បត្តិច្រើន មានការសិក្សាអប់រំខ្ពស់ ឬជាប់ពាក់ព័ន្ធនឹង មូលធននិយម ឬរបបពីមុនៗមក អ្នកទាំងអស់នេះគឺត្រូវបានសម្លាប់ជាប្រព័ន្ធ។ លើសពីនេះទៅទៀត សមាជិកក្រុម ជាតិពន្ធុ និងក្រុមភាគតិចផ្នែកសាសនា គឺជាកម្មវត្ថុនៃការធ្វើទុក្ខបុកម្នេញ។ ប្រជាជនទាំងនេះទទួល រងនូវការជម្លៀសដោយបង្ខំ ការបង្ខំឲ្យធ្វើការ ការឃុំឃាំងតាមទំនើងចិត្ត ការបង្ខំឲ្យរៀបការ និងអំពើ ហិង្សាជាប្រព័ន្ធដែលរួមមាន ការវាយដំសាហាវយង់ឃ្នង ការធ្វើ ទារុណកម្ម ការកាត់អវយវៈភេទ អំពើ ហិង្សាផ្លូវភេទ និងការកាប់សម្លាប់។

ជីវិតគឺពោរពេញដោយការភ័យខ្លាចសេចក្តីស្លាប់ និងស្ថិតក្រោម ស្ថានភាពនៃការឈឺចាប់ជាប្រចាំ។ ស្របពេលគ្នានេះដែរ សង្គ្រាមបានកើតឡើងជាមួយ វៀតណាម ដែលជាប្រទេសជិតខាង។ គេប៉ាន់ប្រមាណថា ប្រជាជនប្រហែលជា ១,៧ លាននាក់ បានស្លាប់ដោយ សារអត់អាហារ ការធ្វើទារុណកម្ម ការកាប់សម្លាប់ និងការបង្ខំឲ្យធ្វើការ មុនពេលដែលទាហាន វៀត ណាម ចូលមកក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។