ការបង្ខំឲ្យរៀបការ


ការបង្ខំឲ្យរៀបការ គឺជាប្រភេទនៃហិង្សាផ្លូវភេទ និងយេនឌ័រ គឺជាប្រភេទអំពើ ហិង្សាតែមួយគត់ដែលត្រូវបានអនុវត្តក្នុងរបបខ្មែរក្រហម ។ ប្តីប្រពន្ធត្រូវបានគេ រៀបការឲ្យតាម ទំនើង ចិត្តដោយគ្មានជម្រើស ឬការព្រមព្រៀង ហើយពួកគេត្រូវ បានបង្ខំឲ្យរួមដំណេក ក្នុងគោល បំណងដើម្បីធានាឲ្យមានការកើនឡើងរបស់ កម្មករជំនាន់ក្រោយក្នុងសហជីព ដែលនឹងផ្តល់ ភាពស្ម័គ្រស្មោះជាមួយក្រុម គ្រួសារកាន់តែតិចហើយជាលទ្ធផល គឺវានឹងមានការថយចុះ នូវ ការប្រឆាំងនឹង ការអនុវត្តន៍របស់អង្គការ ។ ការអនុវត្តន៍របស់រដ្ឋនេះ អាចត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សមាជិកគ្រួសារ ។

ការអនុវត្តន៍ជាប្រព័ន្ធ និងជាទូទៅ នៃការបង្ខំឲ្យរៀបការ

ចម្លើយរបស់ជនរងគ្រោះដែលប្រមូលបានក្នុង ពាក្យបណ្តឹងតាំងខ្លួនជាដើម បណ្តឹងរដ្ឋប្បវេណីបានបង្ហាញថា ការរៀបការបែបនេះត្រូវបាន រៀបចំធ្វើឡើងជា ប្រព័ន្ធទូទាំងប្រទេស។  ការរៀបការទាំងនេះបានប្រារព្វធើ្វឡើងក្នុង ពិធីជាសមូហ ភាពដែលត្រូវបានរៀបចំឡើងដោយកម្មាភិបាលខ្មែរក្រហម ដែលធ្វើនៅកន្លែង ណាមួយនឹងមាន ដៃគូចាប់ពី៣ទៅ១៦០គូ។ អ្នកត្រូវរៀបការត្រូវបានគេផ្តល់ ដំណឹងមុនពេលរៀបការបន្តិចតែប៉ុណ្ណោះ។ ជាមួយនឹងករណី លើកលែងដែល កម្រមានដែលជាទូទៅពាក់ព័ន្ធនឹងកម្មាភិបាលខ្មែរក្រហម ដែលក្នុងនោះបុរស ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសអ្នកដែលនឹងក្លាយជាប្រពន្ធរបស់ខ្លួនបាន ប៉ុន្តែប្តី ប្រពន្ធភាគច្រើន មិនមានជម្រើសក្នុងការជ្រើសគូស្រករឡើយ ហើយគូជាច្រើន មិនដែលបានជួបដៃគូអនាគតរបស់ ខ្លួនពីមុនមកនោះទេ ។ ជាញឹកញាប់ការប្រកែក គឺត្រូវចាប់ដាក់គុក រងទារុណកម្ម ឬសម្លាប់ចោល។ ទោះបីជាព័ត៌មាន លម្អិតអំពីពិធីរៀបការទាំងនេះ មានភាពខុសគ្នាយោងទៅតាមទីតាំង និងពេលវេលាក៏ដោយ ក៏លក្ខណៈពិសេសចម្បងៗនៃការរៀបការ ដែលមានចំនួនច្រើន គូរនេះ នៅតែមិនមានភាពផ្លាស់ប្តូរឡើយ ។

ការបង្ខំឲ្យរួមដំណេក

ចម្លើយភាគច្រើនលើសលុបក៏បញ្ជាក់ផងដែរថា បន្ទាប់ពីពិធីរៀបការ ប្តីប្រពន្ធត្រូវបានបង្ខំឲ្យរួមដំណេក ហើយពួកគេត្រូវបានរំពឹងថានឹងរួមដំណេក។ ដោយសារ តែការភ័យខ្លាចទណ្ឌកម្ម និងការដឹងអំពីការគ្រប់គ្រងដោយសម្ងាត់របស់កម្មាភិបាលខ្មែរក្រហម ជាញឹកញាប់ ប្តីប្រពន្ធរួមដំណេកគ្នា ដោយផ្ទុយពីឆន្ទៈរបស់ខ្លួន ហើយមានករណីជាច្រើនដែលបណ្តាលឲ្យមានផ្ទៃពោះ។ អ្នកបដិសេធ ដែលភាគច្រើនគឺជាស្ត្រី ពួកគេគឺជាកម្មវត្ថុនៃវិធានការចាប់បង្ខំដូចជា អំពើហិង្សា ឬការគំរាម កំហែងប្រព្រឹត្តហិង្សា។ Peg Levine ក្នុងនិក្ខេបបទរបស់នាងដែលមានចំណងជើងថា “ការសិក្សាពីបរិបទមួយអំពីការរៀបការ និងការផ្តល់ កំណើតក្រោមរបបខ្មែរក្រហម : បដិវត្តន៍ទម្លាប់”, ២០០៧ បាននិយាយថា អ្នកឆ្លើយតប៧៦នាក់ក្នុងចំណោមអ្នកឆ្លើយតប១៩២នាក់ បានរាយការណ៍ថា ការរួមភេទត្រូវបានបង្គាប់បញ្ជា។ ក្នុងករណីមួយចំនួនស្ត្រីបានរាយការណ៍ថា កម្មាភិបាលខ្មែរក្រហមបានជួយប្តីក្នុងការរំលោភសេពសន្ថវៈប្រពន្ធរបស់ខ្លួន ប្រសិនបើស្ត្រីទាំងនោះបដិសេធមិនព្រមរួមភេទ ។

ការរីករាលដាលនៃការបង្ខំឲ្យរៀបការដែលមិនត្រូវបានគេដឹង

រហូតមកដល់សព្វថ្ងៃនេះ វាមិនច្បាស់ថាតើស្ត្រី និងបុរសប៉ុន្មានដែលត្រូវទទួលផលប៉ះពាល់ ដោយសារការអនុវត្តន៍បែបនេះ។ ដោយដឹងអំពីការរៀបការ បែបនេះត្រូវបានរៀបចំឡើងទូទាំងប្រទេស នៅស្ទើរតែគ្រប់ភូមិទាំងអស់ ដោយដឹងអំពីកម្រិតអាយុសម្រាប់ការជ្រើសរើសជាប្តីប្រពន្ធ គឺមានអាយុចន្លោះ ពី១៥ឆ្នាំនិង៣៥ឆ្នាំ ដោយដឹងថាវាប៉ះពាល់ដល់ក្រុមក្នុងសង្គមទាំងអស់ និងដោយដឹងថាស្ត្រី និងបុរសដែលមិនទាន់រៀបការ ព្រមទាំងធ្លាប់រៀបការពីមុនមក ត្រូវបានរាប់ចូលក្នុងចំណោមជនរងគ្រោះទាំងនោះ ការដឹងទាំងនេះធ្វើឲ្យគេអាចទទួលបានគំនិតមួយអំពីសារសំខាន់នៃបញ្ហានេះ ។