ផលប៉ះពាល់


ស្របគ្នាទៅនឹងកង្វះខាតនៃការស្រាវជ្រាវឲ្យបានស៊ីជម្រៅ អំពីការរីករាលដាល ហិង្សាយេនឌ័រក្នុងរបបខ្មែរក្រហម ផលវិបាករបស់អំពើហិង្សាយេនឌ័រ  និងតម្រូវ ការរបស់ជនរងគ្រោះ បានទទួលការពិនិត្យពិច័យបន្តិចបន្តួចប៉ុណ្ណោះ សព្វថ្ងៃ នេះ។ តាមរយៈការធ្វើការងារជាមួយជនរង គ្រោះ អង្គការក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា និងអង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា បានប្រមូលព័ត៌មានមួយ ចំនួនចេញពីករណីសិក្សា និងសក្ខីកម្មរបស់ជនរងគ្រោះម្នាក់ៗ ដែលមានសេចក្តី សង្ខេបដូចខាងក្រោមនេះ។ព័ត៌មានខាងក្រោមនេះ ឆ្លុះបញ្ចាំងអំពីសក្ខីកម្មរបស់ជនរងគ្រោះ អំពើហិង្សា យេនឌ័រដែលបានចូលរួមក្នុងវេទិកាការស្តាប់សំឡេងស្ត្រីក្នុងប្រទេសកម្ពុជា និងពីចម្លើយដែលត្រូវបានចងក្រងសម្រាប់បោះពុម្ពផ្សាយ អំពីសក្ខីកម្មអំពើហិង្សាយេនឌ័រ។

ដើម្បីទាញយករបាយការណ៍នៃវេទិកាការស្តាប់សំឡេងស្ត្រី សូមចូលទៅកាន់របាយការណ៍

ដើម្បីទាញយកកម្រងនៃសក្ខីកម្ម “អាថ៌កំបាំងហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម” សូមចូលទៅកាន់ការស្រាវជ្រាវ និងឯកសារ

ផលប៉ះពាល់លើជនរងគ្រោះម្នាក់ៗ
ជនរងគ្រោះនៅតែត្រូវបានញាំញីដោយរោគសញ្ញាពាក់ព័ន្ធនឹងការប៉ះទង្គិចផ្លូវចិត្ត និងផ្លូវកាយ និងដើម្បីទទួលស្គាល់ខ្លួនឯងថាជាជនរងគ្រោះហិង្សាផ្លូវភេទ ជាពិសេសការរំលោភសេពសន្ថវៈ ក្នុងប្រទេសកម្ពុជា គឺអ្នកត្រូវប្រឈមនឹងការប៉ះទង្គិចផ្លូវចិត្តបន្ថែមទៀត តាមរយៈការស្តីបន្ទោស ស្លាកស្នាមទុយ៌ស និងការរើសអើង ព្រមទាំងនាំមកនូវភាពអាម៉ាស់ដល់ខ្លួន និងក្រុមគ្រួសារ។

ភាពបរិសុទ្ធរបស់ស្ត្រីគឺមានតម្លៃខ្ពស់ក្នុងសង្គមកម្ពុជា។ ជនរងគ្រោះហិង្សាយេនឌ័រ  មួយចំនួន ប្រឈមមុខនឹងស្លាកស្នាមទុយ៌សជាមួយនឹងសហគមន៍របស់ ពួកគេដោយសារតែភាពបរិសុទ្ធរបស់ពួកគេ ដោយធ្វើឲ្យពួកគេឯកោពីគ្រួសារ និងពីរចនាសម្ព័ន្ធនៃការគាំទ្រដែលភ្ជាប់មកជាមួយចំណងគ្រួសារ។ ជនរងគ្រោះ ដោយសារហិង្សាផ្លូវភេទដែលគេស្គាល់ គឺជាកម្មវត្ថុនៃការរើសអើងកម្រិតខ្ពស់ក្នុងកម្ពុជាសម័យទំនើប ហើយជាលទ្ធផលពួកគេប្រឈមមុខនឹងភាពឯកោក្នុង សង្គមភាពលំបាកផ្នែកសេដ្ឋកិច្ច និងផលអវិជ្ជមានទាំងអស់ដែលកើតឡើង។ ជាលទ្ធផល ជនរងគ្រោះមានឱកាសតិចតួច ដើម្បីនិយាយអំពីការរំលោភបំពាន កាលពីអតីតកាល និងស្វែងរកវិធីថ្មីៗ ក្នុងការរក្សាការចងចាំ និងការកាន់ទុក្ខជាលក្ខណៈបុគ្គល និងសមូហភាព។ ជនរងគ្រោះជាច្រើន ជាពិសេសអ្នកនៅ សហគមន៍ដាច់ស្រយាល មានចំណេះដឹងតិចតួចអំពីតុលាការឧក្រិដ្ឋកម្មសង្គ្រាម និងមិនដែលមានឱកាស “ប្រឈមនឹងអតីតកាលរបស់ពួកគេ” ក្នុងទីកន្លែង សុវត្ថិភាពឡើយ ដែលស្ថានភាពនេះ នាំទៅដល់ការបន្តនូវរោគសញ្ញាទូទៅពាក់ព័ន្ធនឹងការប៉ះទង្គិចផ្លូវចិត្ត ។

ផលលំបាកមួយទៀតដែលជាទូទៅត្រូវបានរាយការណ៍ដោយជនរងគ្រោះ គឺជាប់ទាក់ទិននឹងបញ្ហាសុខភាពដែលមានរយៈពេលយូរមកហើយ ជាពិសេសទាក់ ទងនឹងអវយវៈបន្តពូជ ដោយ សារតែរបួសដែលនៅតែមិនត្រូវបានព្យាបាលអស់រយៈពេលជាយូរមកហើយ។ កត្តាធ្ងន់ធ្ងរនៃហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល មិនគ្រប់គ្រាន់ ធ្វើឲ្យកាន់តែមានការលំបាកក្នុងការព្យាបាលជនរងគ្រោះ ដែលត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រយ៉ាងខ្លាំង ។ ជនរងគ្រោះមួយចំនួន ត្រូវបានបង្ខំឲ្យចំណាយប្រាក់មួយចំណែកធំរបស់ពួកគេ ដើម្បីព្យាបាលបញ្ហាដែលបណ្តាលមកពីការបំពារបំពានផ្លូវភេទក្នុងពេលមានជម្លោះ ។

ការឺឈឺចាប់ភ្លាមៗដែលជនរងគ្រោះដោយសារការបង្ខំឲ្យរៀបការប្រឈមមុខ ជាពិសេសស្ត្រី គឺកើតចេញមកពីការរំលោភសេពសន្ថវៈដែលពួកគេទទួលរង ដែលនេះជាមធ្យោបាយដើម្បីអនុវត្តឲ្យមានការរួមដំណេក។ ជនរងគ្រោះរាយការណ៍អំពីការឈឺចាប់ផ្លូវចិត្ត និងផ្លូវកាយដែលមានចាប់ពីការភ័យខ្លាចការរួមភេទ ដោយសារពួកគេគឺជានារីបរិសុទ្ធ ដល់ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ។

លើសពីនេះទៅទៀត ស្ត្រីជាច្រើនក្នុងចំណោមស្ត្រីទាំងនេះ ជាពិសេសអ្នកដែលមានអាយុពី១៨ឆ្នាំ ទៅ២០ឆ្នាំ បានចាប់ផ្តើមមានផ្ទៃពោះ ដែលជាលទ្ធផលនៃការ រៀបការនេះ។ ក្នុងករណីជាច្រើន ស្ត្រីដែលត្រូវផ្តល់កំណើតកូនក្នុងរបបខ្មែរក្រហម ត្រូវបានបង្ខំឲ្យធ្វើការងារពលកម្មលំបាក ដោយគ្មានការថែទាំសុខភាព និងអាហារគ្រប់គ្រាន់ រហូតដល់ថ្ងៃកូនកើត ហើយពួកគេមិនត្រូវបានអនុញ្ញាតឲ្យមានពេលវេលាសម្រាកគ្រប់គ្រាន់ បន្ទាប់ពីផ្តល់កំណើតកូនឡើយ។

ស្ត្រីដែលបានបែកបាក់ពីដៃគូរបស់ពួកគេ ត្រូវប្រឈមមុខនឹងស្លាកស្នាមទុយ៌សនៃការបាត់ បង់ភាពជាស្ត្រីបរិសុទ្ធ ដែលធ្វើឲ្យពួកគេមានការលំបាកក្នុងការ រៀបការម្តងទៀត។ ស្ត្រីទាំងឡាយ ណាដែលមានកូន ត្រូវប្រឈមមុខនឹងការលំបាកក្នុងការថែទាំកូនតែម្នាក់ឯងក្នុងនាមជាម្តាយ ក្នុងពេលក្រោយសង្គ្រាម ហើយប្រឈមនឹងភាពក្រីក្រខ្លាំង។

ផលប៉ះពាល់លើសង្គម
ភាពអន្តរាយដែលកើតឡើងក្នុងពេលមានជម្លោះ ដែលមិនត្រូវបានកែតម្រូវ ត្រូវក្លាយទៅជារឿងធម្មតាក្នុងសង្គមក្រោយសង្គ្រាម។ ការអនុវត្តន៍ហិង្សា និងបង្កឲ្យ គ្រោះថ្នាក់ដែលប៉ះពាល់លើស្ត្រីក្នុងសម័យខ្មែរក្រហមដូចជា ការបង្ខំឲ្យរៀបការ និងការរំលោភសេពសន្ថវៈ ការអនុវត្តន៍បែប នេះអាចបង្កើតឲ្យមានយុត្តិសាស្ត្រ អរិភាពមួយ ដែលអាចរំកិលចូលទៅក្នុងរបៀបរបបរស់នៅរបស់កម្ពុជាសម័យទំនើប។

វប្បធម៌និទណ្ឌភាពក្នុងពេលមានសង្គ្រាម មានន័យថា ហិង្សាផ្លូវភេទហាក់ដូចជាត្រូវបានទទួលយកអំឡុងពេលមានសន្តិភាព។ រោគសញ្ញាមួយនៃបញ្ហានេះ អាចត្រូវបានមើលឃើញក្នុងកម្ពុជាសម័យទំនើប ដែលយុត្តិធម៌ជាច្រើនសម្រាប់ជនរងគ្រោះពីការរំលោភសេពសន្ថវៈ កើតឡើងដោយសម្ងាត់ ក្នុងលក្ខណៈ ជាការសម្រុះសម្រួល។ ករណីទាំងនេះកម្រនឹងបញ្ចប់ដោយមានការចោទប្រកាន់ណាស់ ហើយសំណងដែលត្រូវបានផ្តល់ឲ្យ គឺមានចំនួនតិចតួច។ ទស្សនៈនៃ ការរំលោភសេពសន្ថវៈដោយសហព័ទ្ធ គឺស្ទើរតែមិនត្រូវបានដឹងឮ ហើយវប្បធម៌និទណ្ឌភាព ត្រូវបានចាត់ទុកជារឿងធម្មតាដូចសង្គមបច្ចុប្បន្ននេះ ដោយសារតែ វាកន្លងហួស៣០ឆ្នាំមកហើយ ។ លើសពីនេះទៅទៀត វប្បធម៌ស្ងៀមស្ងាត់បន្តដល់ជំនាន់ក្រោយសង្គ្រាម ដោយទប់ស្កាត់ជនរងគ្រោះហិង្សាផ្លូវភេទ និងយេនឌ័រ សព្វថ្ងៃនេះ មិនឲ្យរាយការណ៍អំពីឧក្រិដ្ឋកម្មនេះ។ ជាញឹកញាប់ គឺវាអាស្រ័យលើកត្តាជំរុញទឹកចិត្តរបស់ពួកគេ ក្នុងការវាយបំបែកវដ្តនេះ ដើម្បីឲ្យជនរងគ្រោះ ដោយការរំលោភសេពសន្ថវៈក្នុងរបបខ្មែរក្រហម ដែលធ្លាប់បានស្ងៀមស្ងាត់អស់ពេលជាច្រើនទសវត្សរ៍មកហើយ មានសេចក្តីក្លាហាននិយាយចេញមក ។

ការរៀបការដែលត្រូវបានរៀបចំឡើងដោយផ្ទុយនឹងឆន្ទៈរបស់សហព័ទ្ធ គឺជាការអនុវត្តន៍របស់ប្រជាជនខ្មែរ ដែលមានតាំងពីមុនឆ្នាំ១៩៧៥ ហើយបន្តរហូតមក ដល់សព្វថ្ងៃនេះ។ ការបង្ខំឲ្យរៀបការក្នុងរបបខ្មែរក្រហម អាចត្រូវបានមើលឃើញថាជាការបន្តនូវការអនុវត្តន៍ប្រពៃណីដែលបង្កឲ្យគ្រោះថ្នាក់នេះ។ ការអនុវត្តន៍ នេះបានពង្រឹងនូវបទដ្ឋានវប្បធម៌បិតាធិបតេយ្យ ។ ជំនួសឲ្យការសម្រេច យោងទៅតាមបំណងប្រាថ្នារបស់ឳពុកម្តាយ ឬគ្រួសារ រដ្ឋបានគ្រប់គ្រងប្រពៃណី នៃការរៀបការ ។ ការអនុវត្តន៍នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីមនោគមវិជ្ជារបស់បក្សកាន់អំណាចខ្មែរក្រហមដែលជំនួសឳពុកម្តាយក្នុងនាមជាអាណាព្យបាល ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចាក់ឬសគល់បន្ថែមទៅលើសញ្ញាណដែលមានស្រាប់រួចទៅហើយ អំពីអសមភាពយេនឌ័រ ដោយដាក់បង្ខំនូវភារកិច្ចឲ្យស្តាប់បង្គាប់ ផ្លូវភេទ និងកំណត់តួនាទីរបស់ស្ត្រីត្រឹមជាអ្នកបង្កើតកូន។ សញ្ញាណទាំងនេះ នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។

ដោយមិនអនុញ្ញាតឲ្យប្រជាជនជ្រើសរើសដៃគូរបស់ពួកគេ ខ្មែរក្រហមបានដកហូតពីប្រជាជន នូវសិទ្ធិសម្រេចសំខាន់មួយក្នុងជីវិត ដែលការដកហូតនេះ ធ្វើឲ្យចុះថយនូវសិទ្ធិជាមូល ដ្ឋានសម្រាប់ប្រជាជន ក្នុងការដឹកនាំជីវិតរបស់ខ្លួន។ ព្រឹត្តិការណ៍ផ្លាស់ប្តូរក្នុងជីវិតបែបនេះ គឺមានការលំបាកសម្រាប់ប្រជាជនក្នុង ការផ្លាស់ប្តូរ ហើយជាការពិត ស្ត្រីជាប្រពន្ធជាច្រើននៅតែយល់ឃើញថា ខ្លួនបានរៀបការជាមួយដៃគូដូចគ្នា ក្នុងស្ថានភាពខ្លះមានភាពឈឺចាប់។ ទោះបីបន្ទាប់ពី ការដួលរលំរបបខ្មែរក្រហមក៏ដោយ ស្ត្រីជាច្រើនក្នុងចំណោមស្ត្រីដែលត្រូវបានបង្ខំឲ្យរៀបការ បានសម្រេចរស់នៅជាមួយដៃគូរបស់ពួកគេដដែល។ ឧបសគ្គ វប្បធម៌ និងឧបសគ្គប្រយោល ទាក់ទិន នឹងការលែងលះ បានធ្វើឲ្យប្រជាជនជាប់គាំងក្នុងការរស់នៅជាមួយដៃគូដែលខ្លួនមិនពេញចិត្ត ពេញមួយជីវិត របស់ពួកគេ។ មិនមានទិន្នន័យអំពីអត្រានៃអំពើហិង្សាក្នុងគ្រួសារ លើដៃគូដែលបាន ឆ្លងកាត់រឿងបែបនេះឡើយ ប៉ុន្តែមានរបាយការណ៍មួយចំនួនរបស់ ជនរងគ្រោះ ដែលត្រូវបានគាំ ទ្រតាមរយៈ អង្គការ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ។

កាលៈទេសៈនៃទំនាក់ទំនងទាំងនេះ មិនមែនត្រឹមតែផ្តល់នូវផលប៉ះពាល់នាំឲ្យខូចខាតយូរអង្វែង ទៅលើសុខុមាលភាពរបស់ស្ត្រីដែលត្រូវបានបង្ខំឲ្យរៀបការ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាការសន្មតពុំទាន់ត្រូវបានត្រួតពិនិត្យ ដែលកើតចេញពីការធ្វើឲ្យការអនុវត្តន៍មួយ ក្លាយទៅជាប្រពៃណី ដែលស្ត្រីត្រូវបានកំណត់ ត្រឹមតួនាទីក្នុងផ្ទះ និងត្រូវបានស្តីបន្ទោស ជួនកាលតាមរយៈផ្លូវកាយ ប្រសិនបើពួកគេមិនយកចិត្តទុកដាក់កាតព្វកិច្ចរបស់ពួកគេ ។