តុលាការឧក្រិដ្ឋកម្មសង្គ្រាម


ក្នុងឆ្នាំ១៩៩៧ប៉ុន្មានឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាជាមួយខ្មែរក្រហមដែលបានបន្តសង្គ្រាមទ័ពព្រៃបន្ទាប់ពីការដួលរលំរបបនេះក្នុងឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជាបាន ស្នើអង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យជួយក្នុងការបង្កើតអង្គជំនុំជម្រះមួយដើម្បីកាត់ ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ក្នុងឆ្នាំ២០០១ រដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់ បង្កើតតុលាការមួយដើម្បីកាត់ក្តីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលត្រូវបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ តុលាការនេះមានឈ្មោះថា អង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ដើម្បីកាត់ទោសឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុង របបកម្ពុជាប្រជាធិបតេយ្យ ។

ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជាបានទទូចថា អង្គជំនុំជម្រះនេះត្រូវតែធ្វើឡើងក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់បុគ្គលិក និងចៅក្រមកម្ពុជា រួមជាមួយនឹងបុគ្គលិកបរទេស។ ប្រទេសកម្ពុជាបានអញ្ជើញឲ្យមានការចូលរួមពីសំណាក់អន្តរជាតិ ដោយសារតែភាពទន់ ខ្សោយរបស់ប្រព័ន្ធច្បាប់កម្ពុជា និងឧក្រិដ្ឋកម្មមានលក្ខណៈជាអន្តរជាតិ និងដើម្បីជួយបំពេញស្តង់ដារយុត្តិធម៌អន្តរជាតិ។ នៅទីបំផុតមានការចុះកិច្ចព្រមព្រៀងមួយជាមួយអង្គការ អ.ស. ប ក្នុងខែមិថុនា ឆ្នាំ ២០០៣ ដែលកិច្ចព្រមព្រៀងនេះ រៀបរាប់លម្អិតអំពីរបៀបដែលសហគមន៍អន្តរជាតិ នឹងជួយព្រមទាំងចូលរួមក្នុងអង្គជំនុំជម្រះវិសាមញ្ញនេះ។ តុលាការថ្មីពិសេសនេះ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋា ភិបាល និង អ.ស.ប ប៉ុន្តែឯករាជ្យពីស្ថាប័នទាំងពីរនេះ។ វាគឺជាតុលាការកម្ពុជា ដោយមានការចូល រួមពីអន្តរជាតិដែលនឹងអនុវត្តស្តង់ដារអន្តរជាតិ ។

សម្រាប់ព័ត៌មានបន្ថែមអំពី អ.វ.ត.ក សូមទស្សនាគេហទំព័រ www.eccc.gov.kh/en

សំណុំរឿងនៅចំពោះមុខ អ.វ.ត.ក
បច្ចុប្បន្ននេះ មានសំណុំរឿងចំនួនបួននៅចំពោះមុខ អ.វ.ត.ក ដោយសំណុំរឿងមួយ មានការផ្តន្ទាទោស ហើយសំណុំរឿងមួយ កំពុងស្ថិតក្នុងការជំនុំជម្រះ និងសំណុំរឿងពីរទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត ។

សំណុំរឿង ០០១
សំណុំរឿង០០១ ពាក់ព័ន្ធនឹងកាំង ហ្គេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខស២១ក្នុងទីក្រុងភ្នំពេញ (ទួលស្លែង)។ គាត់ត្រូវបានជំនុំជម្រះ និងផ្តន្ទាទោស ចំពោះបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិ និងការបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ហើយត្រូវបានដាក់ទោសជាប់ ពន្ធនាគារចំនួន៣៥ឆ្នាំ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។ ក្រុមមេធាវីការពារជនជាប់ចោទ ព្រះរាជ អាជ្ញា និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីមួយចំនួន បានប្តឹងសាទុក្ខប្រឆាំងនឹង សាលក្រមនេះ ហើយសវនាការលើបណ្តឹងសាទុក្ខ ត្រូវបានធ្វើឡើងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល បានបញ្ជាក់ទទួលស្គាល់ការផ្តន្ទាទោសឌុច និងបាន ដាក់ទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត ។

សំណុំរឿង ០០២
មេដឹកនាំខ្មែរក្រហមបួននាក់ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿង ០០២ ហើយបច្ចុប្បន្ននេះ ពួកគេកំពុងស្ថិតក្នុងការជំនុំជម្រះ :

– នួន ជា (ហៅ បងធំទីពីរ) អនុលេខាបក្សនៃបក្សកុម្មុយនីស្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

– អៀង សារី (ហៅ វ៉ាន់) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

– ខៀវ សំផន (ហៅ ហែម) គណៈប្រធានរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

– អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ត្រូវបានរកឃើញថាពុំមានកាយសម្បទា និងបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមការជំនុំជម្រះក្តី ដោយសារគាត់មានជំងឺបាត់ការចងចាំ ហើយគាត់ត្រូវបានបំបែកចេញពីសំណុំរឿង ០០២ ។

មេដឹកនាំខ្មែរក្រហមទាំងបួននាក់នេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ (មនុស្សឃាតគិតទុកជាមុន ការសម្លាប់បំផុតពូជ ការធ្វើឲ្យទៅជាទាសករ និរទេស ការដាក់ពន្ធនាគារ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញ) ការបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ (ការសម្លាប់ដោយចេតនា ការធ្វើទារុណកម្ម ការប្រព្រឹត្តអមនុស្សធម៌ ការឃុំខ្លួនដោយខុសច្បាប់) និង ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម ។

សំណុំរឿង ០០៣ និង ០០៤
សហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ជូនសហចៅក្រមស៊ើប អង្កេត នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ ដោយស្នើសុំឲ្យមានការស៊ើបអង្កេតលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនសង្ស័យប្រាំនាក់បន្ថែមទៀត។ សំណុំរឿង ០០៣ និង០០៤ នៅតែស្ថិតក្នុងដំណាក់ កាលនៃការស៊ើបអង្កេតរបស់តុលាការនៅឡើយ ។

ការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណី
វិធីសាស្ត្រថ្មីមួយក្នុងចំណោមវិធីសាស្ត្រថ្មីៗចម្បងជាច្រើនរបស់ អ.វ.ត.ក គឺការកើនឡើងនូវការទទួលស្គាល់ជនរងគ្រោះ ក្នុងដំណើរការនីតិវិធីរបស់ខ្លួន។ ជនរងគ្រោះដោយសារឧក្រិដ្ឋកម្មដែលស្ថិត ក្នុងយុត្តាធិការរបស់តុលាការនេះ ត្រូវបានផ្តល់នូវតួនាទីជាមូលដ្ឋានមួយក្នុង អ.វ.ត.ក។ ពួកគេអាច ដាក់ពាក្យបណ្តឹងទៅកាន់សហព្រះរាជអាជ្ញា ដែលនឹងធ្វើការពិចារណាអំពីផលប្រយោ ជន៍របស់ជន រងគ្រោះ អំពីពេលវេលាថាតើពេលណាដែលត្រូវផ្តើមឲ្យមានការស៊ើបអង្កេត ឬចោទប្រកាន់។ ជនរង គ្រោះក៏អាចចូលរួមធ្វើជាដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។ ស្ថិតក្នុងសមត្ថភាពនេះ ដើមបណ្តឹងរដ្ឋប្ប វេណី អាចត្រូវបានទទួលស្គាល់ថាជាភាគីនៃដំណើរការនីតិវិធីនេះ និងត្រូវបានអនុញ្ញាតឲ្យធ្វើការ ទាមទារសំណងសមូហភាព និងសំណងផ្លូវចិត្ត។ ក្នុងសំណុំរឿង០០១ ដើម បណ្តឹងរដ្ឋប្បវេណីចំនួន ៩៣នាក់ ត្រូវបានទទួលស្គាល់ក្នុងសាលក្រមស្ថាពរ។ ក្នុងសំណុំរឿង០០២ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣៩៨៥នាក់ កំពុងចូលរួមក្នុងការជំនុំជម្រះជាក្រុមសមូហភាព ។ ក្នុងសំណុំរឿង ០០៣ និង ០០៤ ជនរងគ្រោះចំនួន៨៥៣នាក់ បានដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ។

ព័ត៌មានបន្ថែមស្តីពីកិច្ចការងាររបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសូមចូលទៅកាន់គេហទំព័រ www.civilparties.org